ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោកនេះ មិនមានកុមារណារងគ្រោះជាងកុមារនៅកម្ពុជានោះទេ ព្រោះកម្ពុជាមានរបប ប៉ុល ពត បានសម្លាប់ឱពុកម្តាយរបស់ពួកគេ។ 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមានមោទនភាពព្រោះយើងបានយកចិត្តទុកដាក់ មិនទុកកុមារណាចោលនោះទេ ពួកគេបានទទួលការបណ្តុះបណ្តាលបានល្អ។ កុមារ កំព្រារក្នុងរបប ប៉ុលពតជាច្រើនយើងបានបណ្តុះបណ្តាលពួកគេរហូតដល់ក្លាយជាធនធានមនុស្សនៅកម្ពុជា។ 

សម្តេចតេជោ បានបញ្ជាក់ថា «យើងតែងតែយកចិត្តទុកដាក់ចំពោះកុមារតាំងពីដើមរៀងមក ជាក់ស្តែង បច្ចុប្បន្នរាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គម ជួយដល់ស្រ្តីក្រីក្រមានផ្ទៃពោះ រហូតដល់កូនចាកផ្ទៃ ផ្តល់អាហាររូបត្ថម្ភឱ្យពួកគេ។ នៅពេលដែលសេដ្ឋកិច្ចយើងកាន់តែកើនឡើង យើងត្រូវតែយកចិត្តទុកដាក់ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមឱ្យកាន់តែច្រើន។ យើងមិនទុកឱ្យកុមារ ឬយុវជនណាម្នាក់ចោលទេ ទាំងពិការ គថ្លង់ ទាំងកំព្រារ ដោយយកចិត្តទុកដាក់ផ្យល់ឱកាសអោយពួកគេចូលបំរើការងារនៅស្ថាប័នរដ្ឋ និងឯកជន»។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យកុមារ និងយុវជនត្រូវខិតខំកសាងសមត្ថភាព ដើម្បីមានឱកាសក្លាយជាធនធានមនុស្ស រហូតដល់ក្លាយជាមេដឹកនាំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ