ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ការរក្សាអាយុជីវិតឲ្យបាន គឺជារឿងដ៏សំខាន់បំផុត ហើយការរក្សាជីវិតបាន នឹងមិនខ្វះពេលវេលាសម្រាប់ធ្វើបុណ្យទាននោះឡើយ។
តាមសារសម្លេងពិសេសនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បើរក្សាបានជីវិត យើងមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត សម្រាប់អ្នកមានវ័យក្មេង និងរាប់ឆ្នាំតទៅទៀតសម្រាប់អ្នកមានវ័យចំណាស់ ដូច្នេះវាមិនមែនជាការងាយស្រួលដែលសម្រេចចិត្តធ្វើបែបនេះនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឲ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន។
បើតាមសម្តេចតេជោ អ្វីដែលជាការខិតខំរបស់យើង គឺការទប់ស្កាត់មិនឲ្យឆ្លងទៅតាមទីតាម ដែលប្រមូលផ្តុំទៅដោយមនុស្សមិនដឹងមកពីទីណា ហើយមិនបានធ្វើតេស្តនោះទេ និងព្យាយាមកុំឲ្យយកជំងឺពីផ្ទះទៅវត្ត និងយកជំងឺពីវត្តមកផ្ទះវិញ ហើយបែកពេញសហគមន៍៕ EB