ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទAstraZeneca ដែលជាជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុន ជំហានទី២ ចំនួន៦៦៨,០០០ដូស បានដឹកមកដល់កម្ពុជា នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ សរុបទាំងអស់គ្រប់ចំនួន ១លានដូស។

វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៣៣២០០០ដូស ជំហានទី១ បានដឹកមកកម្ពុជា កាលពីថ្ងៃទី២៣ កក្កដា ហើយពិធីប្រគល់-ទទួលវ៉ាក់សាំងពេលនោះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។

កាលពីថ្ងៃទី១៣ កក្កដា រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួន១លានដូស ដល់មកកម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន-កម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

សូមជម្រាបថា ក្នុងពិធីប្រគល់វ៉ាក់សាំង កាលពីថ្ងៃទី២៣ កក្កដា ទូតជប៉ុន ប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលជប៉ុន បន្ដកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងការអភិវឌ្ឍប្រទេសកម្ពុជា ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ