ក្រចេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញភាពសប្បាយររីករាយចំពោះការប្រមូលចំណូលថវិកាចូលជាតិពីប្រភពពន្ធដារ និងពន្ធគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២២ បានកើនឡើងលើសផែនការប្រចាំឆ្នាំ ជាមួយស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករថា នឹងសម្រេចបានក្នុងកំណើនរង្វង់ ៥,៥ភាគរយនៅឆ្នាំនេះ។
នេះជាការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដា្ឋនសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ការប្រមូលចំណូលសារពើពន្ធទាំង ពន្ធគយ និងពន្ធដារ នៅឆ្នាំ ២០២២ ទទួលបានថវិកាសរុបប្រមាណ ៦១៤៥លានដុល្លារ ដែលស្មើនឹងជាង ១២៧ភាគរយ នៃផែនការ ក្នុងនោះចំណូលគយ ២៦៩០លានដុល្លារ (ស្មើ១០៤,៩៤%) និងពន្ធដារ ៣៤៥៥លានដុល្លារ (ស្មើ១២២,៥២%)»។
សម្តេចតេជោ បានគូសបញ្ជាក់ថា ចំណូលនេះ គឺមិនទាន់គិតបញ្ចូលចំណូលមិនមែនសារពើពន្ធនៅឡើយ ដែលអាចនិយាយបានថា កម្ពុជា បានវិលត្រឡប់មកមានអតិរេកថវិកាចរន្តសារជាថ្មី បន្ទាប់ពីវិបត្តិកូវីដ១៩ ដែលយើងបានចំណាយច្រើនជាងចំណូល ដោយពេលនោះចំណូលធ្លាក់ចុះ តម្រូវការចំណាយកើនឡើង។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ឆ្នាំថ្មីនេះ កម្ពុជា នឹងមានអតិរេកថវិកាចរន្តបន្តទៀត ក្នុងពេលដែលវិស័យទេសចរណ៍កំពុងងើបឡើងវិញ ហើយប្រសិនបើទេសចរចិនមកកម្ពុជា កាន់តែច្រើននឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់កាន់តែខ្លាំង៕EB