ភ្នំពេញ ៖ ថ្លែងចំពោះមុខអ្នកវិនិយោគិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ទោះជាមានបញ្ហាខ្លះៗនៅព្រំដែនកំពុងតែកើតមានឡើង រាជរដ្ឋាភិបាលក៏នឹងប្ដេជ្ញាចិត្ត ក្នុងការធានានូវការរកដំណោះស្រាយឱ្យបាន ក្នុងកិច្ចការងារពាក់ព័ន្ធជាមួយព្រំដែននេះ ដើម្បីថែរក្សាសុខសន្ដិភាព។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ក៏បានខិតខំពង្រឹងនូវបរិយាកាសធុរៈកិច្ច នៅកម្ពុជា តាមរយៈការដាក់ចេញគោលនយោបាយជាច្រើន ដើម្បីធានាបានស្ថិរភាព ក៏ដូចជា លំនឹងនៃការវិនិយោគ របស់អ្នកវិនិយោគិន ក៏ដូចជា ការពារផលប្រយោជន៍ផ្សេងៗរបស់ វិនិយោគិន ទាំងក្នុង និងខាងក្រៅប្រទេស។

សម្តេចបវរធិបតី បន្ដថា ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ក៏បានដាក់ចេញជាច្រើននូវការលើកទឹកចិត្តបន្ថែមទៀត នៅក្នុងការទាក់ទាញ និងថែរក្សានូវការវិនិយោគនៅកម្ពុជា។ លើសពីនេះ សម្ដេច ក៏បានលើកទឹកចិត្តដល់បណ្ដាលវិនិយោគិន ជាតិ អន្ដរជាតិ ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចការ ការងារសហការ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតការខ្ពស់ចំពោះការវិនិយោគ និងអ្នកវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ហើយពិតជាសាទរចំពោះការរីកចម្រើន របស់បណ្ដាលរោងចក្រ សហគ្រាស ដែលបណ្ដាក់ទុននៅកម្ពុជា ។

សម្តេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «មិត្តទាំងអស់អាចយល់ដឹងអំពីស្ថិរភាព និងសន្ដិភាព នៅកម្ពុជា ទោះជាមានបញ្ហាខ្លះៗ នៅព្រំដែនកំពុងតែកើតមាន រាជរដ្ឋាភិបាល ក៏នឹងប្ដេជ្ញាចិត្ត នៅក្នុងការធានានូវការរកដំណោះស្រាយ ឱ្យបាននៅក្នុងកិច្ចការងារពាក់ព័ន្ធជាមួយព្រំដែននេះ ដើម្បីថែរក្សា សុខសន្ដិភាព និងស្ថិរភាព ក្នុងប្រទេសទាំងពីរ ក៏ដូចជា ប្រទេសនៅក្នុងតំបន់»។

ជាងនេះទៅទៀត សម្តេច នាយករដ្ឋមន្ដ្រីសង្ឃឹមថា អ្នកវិនិយោគទាំងអស់ បន្ដធ្វើការវិនិយោគនៅកម្ពុជា បន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ