ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១នេះ មានពលករខ្មែរ ត្រឡប់មកពីក្រៅប្រទេស ជាង២៦ម៉ឺននាក់ ក្នុងនោះ ត្រឡប់មកពីប្រទេសថៃ ច្រើនជាងគេ។

ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១  លោកស្រី ជូ ប៊ុនអេង បានថ្លែងថា ពលករកម្ពុជា ដែលបានឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាង ជាពិសេសប្រទេសថៃ មានចំនួនច្រើនលើសលុបរហូតដល់ ជាង១លាននាក់ ហើយតែងតែធ្វើចរាចរណ៍ឆ្លងកាត់ព្រំដែនទាំងរបៀបផ្លូវការ និងរបៀបមិនផ្លូវការ មិនប្រក្រតី មិនទៀងទាត់ ជាហេតុនាំឱ្យមានការពិបាកគ្រប់គ្រង និងប្រឈមគ្រោះថ្នាក់ក្រៃលែង។

លោកស្រី បន្ដថា ជាគោលការណដឹកនាំរបស់ រាជរដ្ឋាភិបាល ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ការរៀបចំទទួលពលករតាមច្រកព្រំដែនសំខាន់ៗ ដែលមានពលករឆ្លងកាត់ គឺដើម្បីតាមដានគ្រប់គ្រងលំហូរពលករទេសន្ដរប្រវេសក៍ និងទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជាដែលបានធ្វើទេសន្ដរប្រវេសក៍ ស្វែងការងារចញ្ចឹមជីវិតតែត្រូវទទួលបានគ្រោះថ្នាក់ផ្សេងៗ និងត្រូវបានអាជ្ញាធរបរទេសបញ្ជូនប្រឡប់មកវិញ ក្នុងស្ថានភាពមិនប្រក្រតី។

លោកស្រី បន្ថែមថា ក្នុងពេលជំងឺដង្ហើមកាច់សហាវ កូវីដ-១៩ បានចាប់ផ្ដើមរាតត្បាតដល់បណ្ដាប្រទេសក្នុងតំបន់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសេដ្ឋកិច្ច ការងាររបស់ពលករ ដែលតាមបណ្ដារោងចក្រ សហគ្រាស កសិដ្ឋាន និងការដ្ឋានការងារ ជាច្រើន ត្រូវបានបិទស្ទើរទាំងស្រុង ធ្វើឲ្យពលករបាត់បងការងារ និងប្រាក់ចំណូល ជាពិសេស ពលករគ្មានជំនាញ និងមានចំណូលទាប។

លោកស្រី បញ្ជាក់ថា «ការបិទព្រំដែនរបស់ ព្រះរាជាណាចក្រថៃ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ បានជំរុញពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង តាមបណ្ដោយបន្ទាត់ព្រំដែន រួមទាំងច្រកព្រំដែនកំរៀង នេះផងដែរ។ នឹងត្រូវការត្រួតពិនិត្យយ៉ាងត្រឹមត្រូវបំផុតទាំងបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ-១៩ និងការគ្រប់គ្រងភាពរាយប៉ាយតាមច្រកមិនផ្លូវការទាំងយប់ ទាំងថ្ងៃ។ គិតមកដល់ចុងឆ្នាំ២០២១ នេះ មានពលករដែលត្រឡប់មកពីក្រៅប្រទេសរហូតដល់ ជាង២៦ម៉ឺននាក់ ដែលក្នុងនោះ មានការវិលត្រឡប់ ប្រទេសថៃច្រើនជាងគេ»

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ