ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រមាណជា ២០០ទីតាំង នឹងដំឡើងនៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបណ្ដាក់ទុនវិនិយោគដ៏សន្ធឹកសន្ធាប់លើវិស័យយានយន្តអគ្គិសនី ដោយដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ខាងមុខ ដោយក្រុមហ៊ុន BYD Auto Industry។
នាឱកាសអនុញ្ញាតឱ្យក្រុមហ៊ុន BYD Auto Industry ដឹកនាំដោយលោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយលោក Marco Mok នាយកប្រតិបត្តិ BYD Cambodia ជួបពិភាក្សាការងារដើម្បីរិះរកវិធានការ និងវិធីសាស្ត្រផ្សេងៗ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីកម្ពុជា ថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជា ក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of ២០២២-២០២៣)។ ក្រុមហ៊ុនបានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។
លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួង ក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។
ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ទីតាំង ក្នុងនោះ ក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត៕