សម្ដេច ស ខេង សង្ឃឹមថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាដំណាច់ឆ្នាំ២០២២
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានក្ដីសង្ឃឹមថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាដំណាច់ឆ្នាំ២០២២នេះ ខណៈច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភា នាត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ។
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មី នេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ដែរ»។
សូមរំលឹកថា ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងតម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំង អស់ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថានឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។
សម្ដេច បន្ដថា ការធ្វើតេស្តរកសារធាតុញៀនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុញៀន និងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់យ៉ាងខ្លាំងនៅកម្ពុជានេះ៕EB