ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបណ្តេញមន្រ្តីអាវុធហត្ថម្នាក់ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយចូលតំបន់ក្រហមគ្មានការអនុញ្ញាត ដោយខ្លួនមិនគោរពវិន័យរបស់កងទ័ព។

ចំណាត់ការភ្លាមៗរបស់ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពេលមន្រ្តីអាវុធហត្ថម្នាក់នេះដែល មានឈ្មោះ ហម វុទ្ធី មិនបានទៅយាមប្រចាំការគោលដៅរបស់ខ្លួន ហើយមិនសុំច្បាប់ត្រឹមត្រូវ បែរជាចូលទៅតំបន់ក្រហមទៀត។

តាមរយៈសារសំឡេងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «កងរាជអាវុធហត្ថរូបហ្នឹង គឺមានឈ្មោះនៅក្នុងកម្លាំងបេសកកម្មបិទខ្ទប់រាជធានីភ្នំពេញ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែបុគ្គលរូបហ្នឹង ខ្លួនមិនគោរព វិន័យរបស់កងយោធពលខេមរភូមិន្ទទេ គឺនៅពេលដល់ម៉ោងដែលខ្លួនត្រូវយាម ខ្លួនមិនគោរពពេលវេលា ដោយបានធ្វើដំណើរ ដោយមិនបានសុំច្បាប់ប្រធានរបស់ខ្លួនបាត់មុខចេញពីខាងក្នុងអង្គភាព គាត់ទៅចោមចៅក្នុងតំបន់ក្រហម»។

នាយឧត្តមសេនីយ៍បន្ដថា «ពេលដល់ម៉ោងយាមប្រធានអង្គភាពដាក់អ្នកផ្សេងយាមជំនួស ដល់ម៉ោង៨ គាត់ចូលខ្លួនមកក្នុងអង្គភាព។ យើងសួរនាំទៅ គាត់ ដែលគ្មានវិន័យបានចូលទៅតំបន់គ្រោះថ្នាក់ហ្នឹង ដែលកំពុងប្រឈមនឹងឆ្លងរាលដាលហ្នឹង ដូច្នេះក្នុងវិធានការ ទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ចូលមកក្នុងកងកម្លាំង ការឆ្លងមួយ ឆ្លងពីរ ត្រូវធ្វើចត្តាឡីស័កអ្នក ប៉ះពាល់ដោយផ្ទាល់ និងប្រយោល១៤ថ្ងៃ។ ចឹងទេវិន័យរបស់កងកម្លាំង គឺដេញចេញ និងលុបឈ្មោះចេញពីកងយោធពលខេមរភូមិន្ទតែម្តង»។

ជាងនេះទៅទៀត មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លើកឡើងទៀតថា កងទ័ពត្រូវតែមានវិន័យ ហើយជំងឺកូវីដរឹតតែធ្វើឲ្យមានវិន័យថែមទៀត ព្រោះបុគ្គលម្នាក់អាចបំផ្លាញអង្គភាពឲ្យរលាយបាន បើសិនមានការឆ្លងជំងឺកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ