ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់កងកម្លាំងនគរបាជាតិ មន្ដ្រីរាជការស៊ីវិល និងមន្ដ្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្ដយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវបណ្ដាបទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសារជូនពរដល់កងកម្លាំងនគរបាលជាតិ មន្ដ្រីរាជការស៊ីវិល និងមន្ដ្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៣ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ប្រកបដោយឆន្ទៈដ៏មោះមុត ដោយបានបង្កើតស្នាដៃគួរឱ្យស្ញប់ស្ញែង និងនាំមកនូវជោគជ័យជាច្រើន ក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេចក្រឡាហោម ក៏សូមវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់ និងភាពម្ចាស់ការខ្ពស់ក្នុងវិជ្ជាជីវៈ ដោយធានាបានយ៉ាងរឹងមាំនូវបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ បម្រើដល់ការប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់នូវព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា រៀបចំ និងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវបណ្តាបទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ជាពិសេសបន្តផ្សព្វផ្សាយ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅរួមចំណែកថែរក្សាបរិយាកាស សង្គមបានល្អប្រសើរ បម្រើដល់ដំណើរការនៃព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍ ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEAGAMES លើកទី៣២ នៅក្នុង ឆ្នាំ២០២៣ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ