ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
ពិធីបិទសន្និបាតសុខាភិបាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសជាច្រើនទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្ដេចតេជោនាយករដ្ឋមន្រ្តី តែងតែបានអញ្ជើញជាអធិបតីបិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជាប្រចាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ និងផ្នែកបម្រើសុខាភិបាល ក្នុងបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា៕EB