ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា «ក្រសួងនឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់ ដូចជា មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ- សម្រាកព្យាបាល)»។

លោកបានបន្ដថា ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកបានបន្ថែមថា ត្រូវត្រៀមទុកជាមុនក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឱ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពីផ្ទះ ទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឱ្យផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវដ-១៩ ឬសេវា សាធារណៈ ដែលមានព្យាបាលកូវីដ-១៩។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា ការផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ។

សូមរំលឹកថា គិតថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩២,៦១៦នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៨,៤៤៣នាក់ និងអ្នកស្លាប់ ចំនួន១,៨៩២នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ