ភ្នំពេញ ៖ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ដោយការទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ បន្តទៀត។

ក្នុងពិធីបិទផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណ ចំពោះការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យប្រព្រឹត្តមទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាមួយការបិទព្រឹត្តិការណ៍កីឡានេះ សង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស ដែលមានជាង៦០០លាននាក់ ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៉ីហ្គេម និងក្របខណ្ឌអាស៊ានប៉ារ៉ាហ្គេម។

សម្តេតេជោ ហ៊ុន សែន បានថ្លែងប្រាប់ជនរួមជាតិថា «បន្ទាប់ពីទទួលបានជោគជ័យ ដ៏ត្រចេះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រគួតកីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងដោយការទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៉ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៉ី លើកទី៥ នៅឆ្នាំ២០២៩ បន្តទៀត»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ព្រឹត្តិការណ៍ព្រឹត្តិការណ៍កីឡាយុវជនអាស៉ី នឹងមានការចូលរួមពីប្រតិភូកីឡា ទ្រង់ទ្រាយធំជាងស៉ីហ្គេមទៅទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ