ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ បានណែនាំប្រជាជនកម្ពុជាគ្រប់រូប ត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក «ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ»។

តាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ស្ដីពី អបអរសារទទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ចេញផ្សាយនាពេលថ្មីៗនេះ ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឲ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលិតផលខ្មែរ។

សម្ដេចតេជោ បានបញ្ជាក់ថា «ប្រជាជនកម្ពុជាគ្រប់រូប ត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ និងសូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិងមធ្យម សហគមន៍ សមាគម។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្ម និងជិតស្និទ្ធក្រោមកិច្ចសម្របសម្រួលរបស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវទិសដៅលើកកម្ពស់ផលិតផលខ្មែរ»។

សម្ដេចតេជោ បានបន្ដថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឲ្យស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិ មួយផលិតផលមួយនៅកម្ពុជា ទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ក្រោមការសម្របសម្រួលរបស់ អគ្គលេខាធិការដ្ឋានអាស៊ាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ