សម្ដេចតេជោ ហ៊ុន សែន ៖ សង្គ្រាមរវាង រស្ស៊ី-អ៊ុយក្រែន វាយប្រហារសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកលើកទី៣
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា សង្គ្រាមរវាង រស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោក និងសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ព្រោះផលប៉ះពាល់វាធំធេងណាស់។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សង្គ្រាមរវាង រស្ស៊ី និងអ៊ុយក្រែន កំពុងតែវៃប្រហារពិភពលោកទាំងមូល វាសឹងតែស្មើនឹងសង្គ្រាមលោកលើកទី៣ហើយ បើនិយាយអំពីបញ្ហាសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ផលប៉ះពាល់វាធំធេងពេក»។
សម្ដេចតេជោ បានអំពាវនាវឲ្យ រស្ស៊ី និងអ៊ុយក្រែន មានការស្រុះស្រួលគ្នា ដើម្បីបញ្ចប់សង្គ្រាមនៅទីនោះឲ្យឆាប់។ សម្ដេច ក៏បានគាំទ្រចំពោះ អគ្គលេខាធិការអង្កការសហប្រជាតិ ចង់ស្រុះស្រួលគ្នារវាង រស្ស៊ី និងអ៊ុយក្រែន។ សម្ដេច បញ្ជាក់ជាថ្មីថា «មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះទេ»។
លើសនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រស្ស៊ី មិនអាចកំទិចអ៊ុយក្រែនបាននោះទេ ហើយអ៊ុយក្រែន ក៏មិនអាចកំទិចរស្ស៊ីបានដែរ ដូច្នេះចុងក្រោយមានតែនិតិវិធីចរចារគ្នាដោយសន្ដិភាពតែប៉ុណ្ណោះ។ សម្ដេច ថា ទោះបី រស្ស៊ី និងអ៊ុយក្រែន នៅឆ្ងាយពីប្រទេសកម្ពុជាក៏ដោយ ប៉ុន្ដែផលប៉ះពាល់នៅតែមានដូចជា ៖ ប្រេង និងឧស្ម័ន ជាដើម។
សូមរំលឹកថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ សហគមន៍អន្តរជាតិ បានចាត់ទុកវាថាជាសង្រ្គាមឈ្លានពាន ហើយវាបានបង្កឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ បានបញ្ចប់ ដោយប្រជាជនអ៊ុយក្រែនជាង ៤.១ លាននាក់បានរត់ចេញពីប្រទេស និងមួយភាគបួននៃចំនួនប្រជាជនសរុបបានភៀសខ្លួនចេញពីគេហដ្ឋានរបស់ពួកគេ៕EB