អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ កម្ពុជា គ្មានករណីចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសរកលក់ឈាមនោះទេ
ភ្នំពេញ ៖ អ្នកនាំពាក្យ អគ្គស្នងការដា្ឋននគរបាលជាតិ បានឲ្យដឹងថា កម្ពុជាគ្មានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសរកលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ នោះទេ ហើយក៏ ជាព័ត៌មានប្រឌិត ផងដែរ។
ថ្មីៗកន្លងមកនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មាន ស្តីពី ការចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដោយបានធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់ សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឲ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា «ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត» រៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យប៊ីធន កម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធ ចំនួន៣នាក់។
អ្នកនាំពាក្យ រៀបរាប់ថា ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។
អ្នកនាំពាក្យ បន្ដថា អ្នកពាក់ព័ន្ធចំនួន ៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។ បច្ចុប្បន្ន ឈ្មោះ YAYUAN UN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យ ក៏សំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសចៀសវាំងធ្វើការសន្និដ្ឋាន ហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គម និងបង្កឲ្យមានភាពភ័យខ្លាចដល់ទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា៕EB