សម្ដេចតេជោ ប្រកាសថា កម្ពុជា មិនគាំទ្រចំពោះរុស្ស៊ី ប្រើកំលាំងឈ្លានពានអ៊ុយក្រែន តាមការបោះឆ្នោតអន្តរជាតិ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ប្រកាន់ជំហរមួយជាក់លាក់ គឺមិនគាំទ្រចំពោះប្រទេសរុស្ស៊ី ប្រើកំលាំងទៅប្រឆាំងរំលោភអធិបតេយ្យភាពប្រទេសអ៊ុយក្រែន តាមការបោះឆ្នោតអន្តរជាតិ។
ក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រឹកមិញនេះមាន ការផ្ញើរមកសុំយោបល់ថាតើគួរបោះឆ្នោតការគាំទ្រឬបោះអនុបវេទ ឬបោះឆ្នោតប្រឆាំង ឬតែ ខ្ញុំផ្ញើរសម្លេងទៅវិញថា អត់ទេ គឺបោះឆ្នោតដូចដែលយើងធ្វើនៅអង្កការសហប្រជាជាតិអីញ្ចឹង ចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែន»។
សម្តេច គូសបញ្ជាក់ថា «កម្ពុជា បញ្ជាក់ច្បាស់ហើយចំពោះបន្ទាត់នយោបាយការបរទេស គឺមិនគាំទ្រពីប្រទេសមួយទៅប្រទេសមួយទេ (រុស្ស៊ី -អ៊ុយក្រែន) នោះទេ។ ករណីនេះ មានប្រទេសមួយចំនួន បានបបួលយើងមកបោះឆ្នោតឲ្យគាំទ្រ »។
ជាមួយគ្នានោះដែរ សម្តេច ក៏បានលើកឡើងថា បញ្ហារបស់ រុស្ស៊ី និងអ៊ុយក្រែន នេះគឺមានភាពស្មុគស្មាញ តែកម្ពុជាមិនគាំទ្រចំពោះការវាយប្រហារនោះទេ ហើយប្រឆាំងការប្រើប្រាស់កំលាំងឬគម្រាមការប្រើប្រាស់កំលាំង ។ សម្តេច បានអះអាងនៅគ្រប់ទីកន្លែងទាំងឲ្យតែមានការលើកឡើងពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គឺបោះឆ្នោតប្រឆាំងនឹងការឈ្លានពាន និងប្រឆាំងការប្រើប្រាស់កំលាំង។
លើសពីនេះ សម្តេច នាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា រឿងសង្គ្រាមរវាងប្រទេស រុស្ស៊ី និងអ៊ុយក្រែន មិនមែនជារឿងលែងសើចនោះទេ ហើយពេលនេះបានកំពុងតែធ្វើឲ្យមានចលាចលដល់ស្រុកខ្មែរ គឺធ្វើឲ្យសាំងឡើងថ្លៃ។ សម្តេចថា ករណីសាំងឡើងថ្លៃនេះគ្មានអ្នកណាគេចរួចនោះទេ ទោះបីជាជំងឺកូវីដ បានកំពុងឆ្លងកាត់ប៉ុន្តែរឿងកូវីដនេះ មានឥទ្ធិពលតិចជាងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទេ។
សម្តេច បានអំពាវនាវឲ្យមានបទឈប់បាញ់ និងឲ្យមានការចរចាសម្រុះសម្រួលគ្នា ពីព្រោះការប្រើកំលាំងយោធានេះពិបាកណាស់៕EB