សម្ដេច ស ខេង ប្រកាសថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងតែរៀបចំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងប្រកាសថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម តែងរៀបចំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំជារៀងរាល់ឆ្នាំ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅមហាវិទ្យាល័យបង្ការ និងពន្លត់អគ្គិភ័យ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនសិក្ខាកាមអំពីសារៈសំខាន់ស្នូលនៃដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ។ សម្ដេចបញ្ជាក់ថាក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម តែងរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំជារៀងរាល់ឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះសិក្ខាកាមនគរបាលជាតិកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងទ្រឹស្ដី និងអនុវត្តការហ្វឹកហាត់ជាក់ស្ដែងលើមុខជំនាញដែលសាលា និងសាស្ត្រាចារ្យវៀតណាមបានអប់រំ និងបណ្ដុះបណ្ដាល។ សម្ដេចមានប្រសាសន៍ថាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រត្រូវតែបន្តគ្មានទីបញ្ចប់ និងថាក្រៅពីសាលារៀននោះ កន្លែងបំពេញភារកិច្ចទាំងនៅការិយាល័យ និងមូលដ្ឋានក៏ជាសាលារៀនដែរ។
សម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំសិក្ខាកាមទាំងអស់បង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ ហើយជាមួយគ្នានេះត្រូវបន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ និងស្ទាត់ជំនាញ ទាំងទ្រឹះស្ដី និងការហ្វឹកហាត់ជាក់ស្ដែង។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងជួរកងកម្លាំងនគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសវៀតណាម។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងនគរបាលវៀតណាម ព្រមទាំងសាស្ត្រាចារ្យ និងគ្រូនគរបាលនៃប្រទេសវៀតណាម ដែលបានផ្ដល់ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជាទាំងនាពេលកន្លងមក នាពេលនេះ និងគម្រោងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យសេដ្ឋកិច្ចជាតិមានកំណើនឡើងវិញ ការរៀបចំការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ដោយជោគជ័យ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ ព្រមទាំងការឈានទៅរៀបចំព្រឹត្តិការណ៍សុីហ្គេម អាស៊ានប៉ារ៉ាហ្គេមវាប្រវត្តិសាស្ត្រ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។
សូមបញ្ជាក់ថា មុខជំនាញដែលសិក្ខាកាមនគរបាលកម្ពុជាកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមានផ្នែកសន្តិសុខ ផ្នែកបច្ចេកវិទ្យាព័ត៌មាន ផ្នែកបច្ចេកទេសអេឡិចត្រូនិក ផ្នែកបង្កានិងពន្លត់អគ្គិភ័យ ផ្នែកពន្ធនាគារ និងផ្នែកបច្ចេកវិទ្យានិងទូរគមនាគមន៍។ សិក្ខាកាមសរុបមានចំនួន៧៦នាក់។ សម្ដេចក៏បានផ្ដល់អំណោយលើកទឹកចិត្តមួយចំនួនជូនសិក្ខាកាមផងដែរ៕EB