សម្តេចតេជោ ហ៊ុន សែន ព្រមានបញ្ចេញសារសំឡេងឧកញ៉ា ៥រូប ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លើសំណុំរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា
ភ្នំពេញ ៖ រំលឹកដល់រឿងផ្ទុះកក្រើក ស្ទើរតែពេញមួយប្រទេស កាលពីមួយឆ្នាំមុននោះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានឲ្យចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា លើសំណុំរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បើសិនជាលោកឧញ៉ារូបនេះចេញមកឲ្យមានការបកស្រាយករណីសំណុំរឿងនេះទៀត ជាពិសេសលើសារសំឡេង រវាងឧកញ៉ា និងឧកញ៉ា៥រូបផ្សេងទៀតដែលជាប់ពាក់ព័ន្ធ។
ករណីឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បានកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ គិតមកទល់ពេលនេះ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ គម្រប់ខួប១ឆ្នាំហើយ(រឿងរ៉ាវស្នេហា)។
ការព្រមានរបស់សម្តេចតេជោ បន្ទាប់ពីសម្តេចបានចាត់ឲ្យមេធាវីសម្តេច ស្រាវជ្រាវករណីសំណុំរឿងនេះ ហើយដឹងថា សំណុំរឿងនេះ មានឧកញ៉ារហូតដល់៥នាក់ បានចូលរួមដើម្បីដាក់បន្ទុកលើកញ្ញា មាន ពេជ្ររីតា រហូតដល់ធ្វើឲ្យកញ្ញាជាប់ពន្ធនាគារ ។
ថ្លែងក្នុងជំនួបជាមួយសិស្សប្រឡងបាក់ឌុបជាប់និន្ទេសA នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើសិនមានឧកញ៉ា ៥នាក់ អន្តរាគមន៍ឲ្យក្មេងស្រីជាប់ពន្ធនាគារ តើរឿងហ្នឹងឲ្យសម្តេចនៅស្ងៀមឬទេ? សម្តេចថា «ខ្ញុំមិនមែនតិរិច្ឆានទេ បើអ្នកតិរិច្ឆានសូមអ្នកធ្វើតិរិច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋខ្លួនដែលគេត្រូវបំពាន»។
សម្តេចតេជោ បានលើកឡើងថា ដំណើររឿងនេះ សម្តេចមិនបានដឹងនោះទេ ប៉ុន្តែទទួលបានតាមបណ្តាញសង្គមហ្វេសប៊ុក ដោយទាមទាររកយុត្តិធម៌សម្រាប់ក្មេងស្រីនេះ។
បើតាម សម្តេច បានទម្លាយថា កូនប្រសារឧកញ៉ា ហេង សៀ បានទិញមេធាវីសម្តេចទៀត ហើយមេធាវីបានរាយការណ៍ថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ ដោយមានសារសំឡេងឆ្លើយឆ្លងរវាងមេធាវី និងឧកញ៉ា ហើយដាក់មកសម្តេចដែលទីបំផុតសម្តេចបានឲ្យមេធាវីទៅធានាឲ្យនិស្សិតជានារីនោះ នៅក្រៅឃុំហើយមានបំបិតមាត់អ្នកសារព័ត៌មានទាំងអស់។
សម្តេច លើកឡើងទៀតថា សំណុំរឿងនេះ បើគ្មានអន្តរាគមន៍ពី នាយករដ្ឋមន្ត្រី មិនមានអ្នកណាហ៊ានដោះលែងក្មេងស្រីនោះទេ ។ សម្តេចតេជោ សង្កត់ធ្ងន់ថា «ក្នុងសំណុំរឿងនេះ ប្រហែលលោកឧកញ៉ាចង់បញ្ចេញឲ្យគេនិយាយ ប៉ុន្តែបើលោកឧកញ៉ាចង់ដឹងសំណុំរឿងនេះ ខ្ញុំនឹងយកទៅបញ្ចាំងក្នុងទូរទស្សន៍ទាំងអស់ ហើយបើចង់ដឹងទៀត ខ្ញុំនឹងបញ្ចេញសារសំឡេងរវាងឧកញ៉ានេះ ឧកញ៉ានោះ ទាក់ទងគ្នាចាក់ឲ្យគេដឹងទាំងអស់ថា តើសំណុំរឿងនេះគួរឲ្យអន្តរាគមន៍ឬអត់»។
សូមបញ្ជាក់ថា ជំលោះរវាងឧកញ៉ាហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បានកើតឡើងកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២១ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញវិដេអូរបស់ កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាង ពីសំណាកលោកឧកញ៉ា កាលពីថ្ងៃ៤ ឧសភា ។ មុនឈានដល់ការធ្លាយវិដេអូរបស់កញ្ញារូបស្រស់នេះ គឺលោក ឧកញ៉ា ហេង សៀ បានប្តឹងកញ្ញាមាន ពេជ្ររីតា លួចទូរស័ព្ទនិងចាក់ខ្លួន២កាំបិទ ហើយពិធីការិនីនេះ ក៏បានប្តឹងវិញថា លោកឧកញ៉ា បៀតបៀនផ្លូវភេទនៅក្នុងរថយន្ត៕EB