ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា និងបណ្តាប្រទេសនានាទៀត បាននិងកំពុងខិតខំពុះពារឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ដែលបណ្តាលមកពីវិបត្តិសកលនានា។

ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ស្ថានការណ៍ប្រទេសកម្ពុជាយើង ក៏ដូចបណ្តាប្រទេសនានាទូទាំងសកលលោក ដែលបាននិងកំពុង ខិតខំពុះពារឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ដែលបណ្តាលមកពីវិបត្តិសកលនានា រួមមាន៖ ការផ្ទុះឡើងនូវជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩, ការប្រកួតប្រជែងខាងនយោបាយយោធា សេដ្ឋកិច្ច បច្ចេកវិទ្យារវាងប្រទេសមហាអំណាចនានា, ការផ្ទុះឡើងនូវសង្គ្រាមរវាង ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលឱ្យមាន គ្រោះធម្មជាតិនានាកាន់តែញឹកញាប់ និងកាន់តែអាក្រក់នៅតាមប្រទេសនានាជាច្រើន»។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា វិបត្តិសកលទាំងនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច សង្គម និង ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនិងកំពុងអនុវត្តនូវវិធានការនានាជាច្រើន ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមទាំងនេះផងដែរ។

សម្ដេចក្រឡាហោម បន្ដថា តាមរយៈវិធានការទាំងនេះ រាជរដ្ឋាភិបាល បានជួយសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ និងបានទប់លំនឹងសេដ្ឋកិច្ចជាតិមិនឱ្យដួលរលំ ហើយមាន លទ្ធភាពជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យស្ទុះងើបឡើងវិញ ជាមួយកំណើនសេដ្ឋកិច្ច ជាតិក្នុងឆ្នាំ២០២២ សម្រេចបាន ៥,២% និងក្នុងឆ្នាំ២០២៣ រំពឹងថា នឹងអាចសម្រេចបានប្រមាណ ៥.៦% ។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា ឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាល នៅតែមានលទ្ធភាពផ្ដល់ថវិកាសម្រាប់កសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ និងផ្តល់ថវិកាយ៉ាងទៀងទាត់ សម្រាប់បើកបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្តល់ថវិកាដល់រដ្ឋបាលខេត្ត ស្រុក ឃុំ ដើម្បីបន្តជំរុញការអភិវឌ្ឍ មូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ