ភ្នំពេញ ៖ កម្ពុជាគ្រោងនាំចេញប្រហុក ទៅកាន់ទីផ្សារអឺរ៉ុប ក្នុងពេលឆាប់ៗនេះ ហើយការនាំចេញនឹងត្រូវកែច្នៃក្រោមលក្ខខណ្ឌចំនួន ៣ដូចជា ក្លិន, រស់ជាតិ និងរូបរាង។

ការនាំចេញប្រហុកខ្មែរនេះ នឹងជួយជំរុញបន្ថែមលើផលិតផលជាតិ ឲ្យមានការគាំទ្រទាំងក្នុង និងក្រៅប្រទេស ខណៈ បច្ចុប្បន្នប្រហុកខ្មែរ កំពុងមានទីផ្សារស្រាប់ ចំពោះការនាំចេញនឹងធ្វើឡើងក្នុងពេលឆាប់ខាងមុខ ដោយក្រុមហ៊ុន Confirel។

នេះបើតាមលោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel បានថ្លែងឲ្យដឹងក្នុងកម្មវិធីពានរង្វាន់ត្នោតមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការបង្កើតគុណតម្លៃនៃប្រហុក» ធ្វើឲ្យផលិតផលប្រហុក ក្លាយជាផលិតផលនាំចេញ រៀបចំឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

លោកឧកញ៉ា ហៃ លីអ៊ាង បានថ្លែងថា សហគ្រាស Confirel បាន និងកំពុងកែច្នៃ ដើម្បីនាំចេញប្រហុក បច្ចុប្បន្នក្រុមហ៊ុនបានដាក់ការស្នើសុំកម្មសិទ្ធិបញ្ញាថ្នាក់អន្ដរជាតិហើយ នៅពេលដែលទទួលបានកម្មសិទ្ធិបញ្ញាថ្នាក់អន្ដរជាតិ នោះនឹងបង្ហាញក្ដីសង្ឃឹមយ៉ាងច្បាស់លាស់ថា ប្រហុកខ្មែរនឹងមានអនាគតវែងឆ្ងាយ មានតម្លៃ មានតម្រូវការ ក្នុងការនាំចេញទៅប្រទេសក្រៅ។

លោក ឧកញ៉ាបានបញ្ជាក់ថា «ចំពោះគោលដៅនាំចេញប្រហុក គឺនាំចេញទៅកាន់គ្រប់បណ្ដាប្រទេស ដែលអាចនាំចេញបានព្រោះថា ក្រុមហ៊ុនបានធ្វើទីផ្សារប្រហុកជាមួយនឹងជនជាតិបរទេសកន្លងមកឃើញថា ពីមុនប្រហុកមួយក្រឡប្រើរាប់ខែមិនអស់ទេ ប៉ុន្ដែបន្ទាប់ពីកែច្នៃប្រហុកឃើញថា ត្រឹមតែ១-៣ខែប៉ុណ្ណោះប្រហុកប្រើបានរហូតដល់ ៣០គីឡូក្រាម នេះបង្ហាញទីផ្សារប្រហុកចាប់ផ្ដើមមានជាបណ្ដើៗហើយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ