ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានប្ដូរវេន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣ រួមមាន ៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ លើកទី១២ (12th AMMTC + 3 Consultation) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី ប្រធានគណៈប្រតិភូ ចិន ជប៉ុន កូរ៉េ និងឯកឧត្តម-លោកជំទាវ ប្រធានគណៈប្រតិភូ នៃលេខាធិការដ្ឋានអាស៊ាន ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ស្វាគមន៍ដល់ លោក-លោកស្រី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នាពេលនេះ។ សម្ដេច ក៏បានកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអាស៊ាន និងប្រទេសដៃគូ បូក៣ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នាពេលនេះ ក្នុងឱកាសក្រសួងមហាផ្ទៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ