ភ្នំពេញ ៖ នាយឧត្តសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ចំពោះការងារថែរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ កាលពីឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ច ធ្វើការបង្រ្កាប់បទល្មើសនានា បានយ៉ាងច្រើនករណី។

ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍សន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងឯកសារពាក់ព័ន្ធ ក្រោមអធីបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តសេនីយ៍ ប៉ោ ភក្ដិ បានធ្វើសេចក្ដីរាយការណ៍ដកស្រង់សង្ខេប ស្តីអំពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គពិធីជ្រាបថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា។

នាយឧត្តសេនីយ៍ បន្ដថា ជាមួយគ្នានេះ ក្នុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ក៏បានខិតខំចូលរួមអនុវត្តនូវការងារអាទិភាពសំខាន់ៗនានាជាច្រើន នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការខិតខំអនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

ទន្ទឹមនោះ  នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងឆ្នាំ២០២២កន្លងទៅ តាមយៈយន្តការច្រកចេញចូលតែមួយរបស់ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយលទ្ធផលល្អប្រសើរ។ 

នាយឧត្តមសេនីយ៍ អគ្គលេខាធិការដ្ឋាន បានបញ្ជាក់ថា «ចំពោះការងារថែរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី និងភាពសុខដុមរបស់ប្រជាពលរដ្ឋ ត្រូវបានធានាយ៉ាងគត់មត់ ក្នុងនោះ កាលពីឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ច បានបង្រ្កាប់បទល្មើសនានា សម្រេចបានយ៉ាងច្រើនករណីដែល ក្នុងនោះរួមមាន៖ ករណីបង្ក្រាបបទល្មើសព្រហ្មទណ្ឌ,   ការបង្ក្រាបបទល្មើសគ្រឿងញៀន, ការបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, ការបង្រ្កាបក្មេងទំនើង,ការបង្ក្រាបល្បែងស៊ីសង, និងការបង្ក្រាបបទល្មើសសេដ្ឋកិច្ច ផងដែរ»។ 

ដោយឡែក ចំពោះការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយឧត្តមសេនីយ៍ អគ្គលេខាធិការដ្ឋាន បានបន្ថែមថា អង្គភាពពាក់ព័ន្ធកំពុងជំរុញការងារនេះយ៉ាងផុលផុស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ