ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង នៅទីស្តីការក្រសួងរៀបចំដែនដី។
គួរបញ្ជាក់ថា ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ហើយនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង ដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។
សូមជម្រាបជូនដែរ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ថ្មីៗជាច្រើនលើការងារចុះបញ្ជីដីធ្លី ការងារដោះស្រាយវិវាទដីធ្លី ការងាររៀបចំដែនដី និងនគរូបនីយកម្ម ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការងារសម្បទានដីសង្គមកិច្ច និងការងារអភិវឌ្ឍលំនៅឋាន ចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករ និងបរិយាកាសល្អ សម្រាប់ធុរកិច្ច និងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនយោបាយសាធារណៈ និងផែនការសកម្មភាពរបស់ខ្លួន បានច្បាស់លាស់ ព្រមទាំងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕EB