កណ្ដាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងតម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំង អស់ធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែមិនទាន់កំណត់ថានឹងត្រូវធ្វើតេស្តប៉ុន្មានដងក្នុងរយៈពេលមួយឆ្នាំ។

ថ្លែងនៅក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ  សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ប្រសិនបើគ្នានការប្រែប្រួលទេ នៅថ្ងៃទី២៨ ខែធ្នូស្អែកនេះ សម្តេច នឹងបើកកិច្ចប្រជុំមួយ ដើម្បីឆ្លងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយនឹងត្រូវថែមចំណុចមួយចំនួន ទាក់ទងនឹងការបើកបរ និងបញ្ហាគ្រៀងញៀន។

សម្តេចក្រឡាហោម បានបញ្ជាក់ថា«ការធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ នឹង មានការបន្ថែមចំណុចមួយ ដោយតម្រូវឲ្យអ្នកបើកបរយានយន្តទាំងអស់ ត្រូវតែធ្វើតេស្តសារធាតុញៀន ហើយត្រង់ថាយើងនឹងត្រូវកំណត់ធ្វើប៉ុន្មានឆ្នាំម្តងយ៉ាងណានោះ គឺនឹងកំណត់ដោយរាជរដ្ឋាភិបាល ហើយ ធ្វើតេស្តនៅទីណា ឬកន្លែងណានោះក៏នឹងកំណត់នៅពេលក្រោយ។ ប៉ុន្តែជាគោលការណ៍គឺត្រូវតែធ្វើតេស្តចំពោះអ្នកបើកយានយន្តទាំងអស់ តាំងពីអ្នកបើកម៉ូតូ, ម៉ូតូកង់បី. ឬកង់បួនក៏ត្រូវតែធ្វើដូចគ្នាដែរ»។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានពន្យល់ផងដែរថា ការធ្វើតេស្តរកសារធាតុ ញៀនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុញៀន និងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហាគ្រឿងញៀន និងបញ្ហាចរាចណ៍នេះបានកំពុងមានកង្វល់យ៉ាងខ្លាំងនៅកម្ពុជានេះ។

ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី ក៏បានឲ្យ ដឹងផងដែរថា នាពេលបច្ចុប្បន្ននេះអ្នកកំពុងជាប់ពន្ធនាគារនៅកម្ពុជាប្រហែលបួនម៉ឺននាក់ ខណៈជិតពីរម៉ឺននាក់ដែលកំពុងជាប់គុកនោះគឺជាប់ពាក់ព័ន្ធក្នុងការរកស៊ី និងប្រើប្រាស់គ្រឿងញៀន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ