ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ច ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ  បានអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។ លោក ប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី នៅព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ