សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់កម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាទៅចលនាបរទេស កុំឲ្យមកវិនិយោគនៅកម្ពុជា
កំពង់ឆ្នាំង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់កម្មករ-កម្មការនីទាំងអស់ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅប្រទេសកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ បានបញ្ជាក់ថា «ហើយក្មួយៗកម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា ក្មួយៗចង្អុលមុខថា ពួកឯងហ្នឹងហើយ បំផ្លាញ អាញ់ៗ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកនយោបាយប្រទេសដទៃ ទោះបីជាអ្នកប្រឆាំង តែគេមិនដែលទាមទារឲ្យបរទេសឈប់ទិញទំនិញពីប្រទេសគេនោះទេ និងមិនដែលរារាំងប្រទេសដទៃឈប់ផ្ដល់ជំនួយដល់ប្រទេសខ្លួននោះទេ ។ ប៉ុន្តែអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជាជ្រុលនិយមបែរទៅប្រាប់ប្រទេសដទៃ កុំឲ្យមកវិនិយោគនៅកម្ពុជា កុំទិញទំនិញពីកម្ពុជាទៅវិញ ហើយឲ្យដាក់ទណ្ឌកម្មថែមទៀតមកលើកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា គឺអ្នកនយោបាយប្រឆាំងជ្រុលនិយមទាំងនោះ គឺជាសត្រូវរបស់កម្ពុជាតែម្ដង៕