ភ្ញៀវទេសចរជាង ៧០ម៉ឺននាក់ ចូលរួមទស្សនាកំសាន្ត ពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ក្នុងរយៈពេល ៣ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូឆ្នាំ២០២២ មានភ្ញៀវទេសចរ ៧១២.៦១៤នាក់ អញ្ជើញចូលរួមទស្សនាកំសាន្ត ក្នុងធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។ បើប្រៀបធៀបរយៈពេល ៣ថ្ងៃដូចគ្នា កាលពីបុណ្យសមុទ្រឆ្នាំ២០១៧ គឺកើនឡើង ២៩% ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។
ពិធីបុណ្យសមុទ្រនៅឆ្នាំ២០២២ ត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ ហើយពិធីនេះក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយស ក្តានុពលទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ បន្ទាប់ពីខេត្តបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាការរៀបចំអភិវឌ្ឍនៅតាមឆ្នេរប្រកបដោយភាពទាក់ទាញ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូង នៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ក្នុងគោលបំណងផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់ កាន់តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូលដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា៕EB