ភ្ញៀវទេសចរក្នុងស្រុកមានសន្ទុះងើបឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ
ភ្នំពេញ ៖ ភ្ញៀវទេសចរក្នុងស្រុកមានសន្ទុះងើបឡើងវិញបន្តិច បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ។ យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។
លោក ហូរ វណ្ឌី ទីប្រឹក្សាសហគមន៍ទេសចរណ៍កម្ពុជា មានប្រសាសន៍ថា «ដោយមានការគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងរយៈកាលកន្លងមក ឃើញថា កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ដំណើរទស្សនាកម្សាន្ត នៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ» ។
លោកបន្តថា កត្តាទាំងនេះហើយ បានធ្វើឲ្យសន្ទុះភ្ញៀវទេសចរក្នុងស្រុកកើនឡើងបន្តិច ដែលភាពច្រើនភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្តនៅតំបន់ភូមិភាគឦសាន្ត ដោយសារមានទេសភាពអំណោយផលបែបធម្មជាតិ ខ្យល់អាកាសល្អបរិសុទ្ធ មានទីតាំងកម្សាន្តបែបធម្មជាតិច្រើន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់ខ្វាត់ខ្វែង ។ លោកបន្តទៀតថា ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅតាមទីតាំងរមណីយដ្ឋានទាំងអស់ បានផ្លាស់ប្តូរឥរិយាបថជាច្រើន ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ជាប្រចាំ ការប្រើអាល់កុលឬជែលលាងដៃ ជាពិសេសការរក្សាគម្លាតសង្គម ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ។
លោក ហូរ វណ្ឌីថា យើងឃើញថាឥរិយាបថមួយចំនួនរបស់ភ្ញៀវទេសចរ គឺធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ ហើយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល រក្សានូវការពាក់ម៉ាស់ជាប្រចាំ ប្រើប្រាស់អាល់កុល ការលាងដៃជាមួយសាប៊ូ ជាពិសេសការរក្សាគម្លាតសង្គម ។ ហើយអ្វីដែលសំខាន់ទៀតនោះគឺ នៅតាមតំបន់ក៏ដូចជាកន្លែងដែលផ្គត់ផ្គង់សេវាកម្ម គឺអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ ដោយមានការដាក់អាល់កុល ឧបករណ៍វាស់កម្ដៅជាហូរហែ ដែលនេះគឺជាការចូលរួមទប់ស្កាត់ដើម្បីប្រែក្លាយ ទៅជាឱកាសមាសវិញ សម្រាប់ម្ចាស់ទីតាំងទេសចរណ៍ទាំងអស់ ។ សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ បានចុះផ្សាយរបាយការណ៍របស់ខ្លួនថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក៕EB