២សប្ដាហ៍នេះភ្ញៀវទេសចរបន្តកើនឡើង ខណៈស្ដង់ដាពិសេស សម្រាប់អាជីវករទេសចរណ៍ ៥ប្រភេទ នឹងសម្រេចដាក់ចេញនៅចុងខែនេះ
ភ្នំពេញ ៖ រយៈពេល២សប្ដាហ៍ដើម ខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបាន បន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញ ដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរ សប្តាហ៍ ចុងខែមុន។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទៅ២២ ខែឧសភា ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «សម្រាប់រយៈពេល ចាប់ពីថ្ងៃទី៤-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបាន ធ្វើដំណើរកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួន សរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍ នៃចុងខែមេសាកន្លងមក»។
លោកបន្ដថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។លោកបានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់ អេកូទេសចរណ៍ នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសក្រុងព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
លោកបន្ថែមថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះក្រសួងទេសចរណ៍ បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាព ទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំ បាច់មួយចំនួនបន្ថែម ពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ ចេញដោយក្រសួងសុខាភិបាល ជាពិសេសការ លក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិ បត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕ E B