ឆមាសទី១ ! កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសជាង ១ម៉ឺននាក់
ភ្នំពេញ ៖ នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។
របាយការណ៍ បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។
បើតាមក្រសួងទេសចរណ៍ បានរៀបរាប់ថា ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។
ចំណែកឯភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕EB