ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលបីថ្ងៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញ ទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី០៣ ដល់០៥ ខែមីនា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ