សម្ដេច ស ខេង ប្រាប់ក្រុមប្រទេសប៉ាស៊ីហ្វិក ថា កម្ពុជា ប្ដេជ្ញាប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ភ្នំពេញ ៖ កម្ពុជា បានប្ដេជ្ញា និងឆន្ទះយ៉ាងមោះមុត ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ។ នេះជាលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
នាឱកាសអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា «សូមបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្ត និងឆន្ទះដ៏មោះមុតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ»។
សម្ដេច បន្ដថា ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗ មួយចំនួន ទាំងក្នុងក្របខណ្ឌកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្តបម្រើឱ្យការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការងារមួយចំនួន ដែលតម្រូវឱ្យខាងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ។
សម្ដេច បន្ថែមថា ទន្ទឹមនឹងការកសាងនូវលិខិតបទដ្ឋានគតិយុត្តបម្រើឱ្យកិច្ចការទាំងនេះ កម្ពុជា ក៏បានពិនិត្យ និងកែសម្រួល ព្រមទាំងពង្រឹងយុទ្ធការដឹកនាំការងារនេះ យ៉ាងសកម្មផងដែរ ទាំងយុទ្ធការកម្រិតថ្នាក់ជាតិ គឺកម្រិតនយោបាយ ទាំងយុទ្ធការកម្រិតបច្ចេកទេស ដោយក្នុងនោះបានរៀបចំជាអនុគណៈកម្មាធិការ ដែលមានសមត្ថកិច្ចទៅលើកិច្ចការពាក់ព័ន្ធទៅតាមវិស័យទទួលខុសត្រូវរៀងៗខ្លួន នៅក្នុងដែនសមត្ថកិច្ច ដែលពាក់ព័ន្ធទៅលើកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យនេះ ហើយកម្ពុជា ក៏កំពុងតែខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងនូវយុទ្ធការទាំងនេះ ព្រមទាំងពង្រីញនូវវិសាលភាពយុទ្ធការទាំងនេះ ដើម្បីធ្វើយ៉ាងណាធានាដល់ប្រសិទ្ធិភាពការងារ ក៏ដូចនិរន្ដរភាពការងារនេះផងដែរ។
សម្ដេច ស ខេង បញ្ជាក់ថា ក្រៅពីការងារកសាងលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំ ក៏ដូចជាការងារពង្រឹងយុទ្ធការដឹកនាំ និងអនុវត្ត ហើយកម្ពុជាបានចាត់ទុកកិច្ចការនេះ គឺជាកិច្ចការដល់សំខាន់ និងការងារអាទិភាព ហើយមកដល់ពេលនេះ បានចាត់តាំងធ្វើការផ្សព្វផ្សាយការងារប្រឆាំងការងារសម្អាតប្រាក់ ហរិញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ជាបន្តបន្ទាប់សំដៅធ្វើយ៉ាងណា ផ្សព្វផ្សាយអោយមានការយល់ដឹងកាន់តែទូលំទូលាយ ក្នុងនោះក៏បានបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ ដើម្បីកៀរគរស្វែងរកការគាំទ្រនឹងការចូលរួម សំដៅធ្វើយ៉ាងណាចូលរួមអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។
នាឱកាសនោះ គណៈប្រតិភូ ក្រុមប្រទេសប៉ាស៊ីហ្វិក ក៏បានសម្តែងការកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះ ថ្វីត្បិតកម្ពុជាក៏ដូចជាប្រទេសនានានៅទូទាំងសកលោក ទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែកម្ពុជាបានអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដោយផ្តល់របាយការណ៍ជាបន្តបន្ទាប់ រហូតឈានដល់ដំណើរទស្សនកិច្ច on side visit របស់គណប្រតិភូនាឱកាសនេះ៕EB