ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេងឧបកនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំសមត្ថកិច្ចត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់នៅលើស្ពានជ្រោយចង្វារបណ្តាលឲ្យទារកម្នាក់ស្លាប់ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ ខណៈអ្នកបង្ករអាចជាប់ពន្ធនាគារ។ 

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យ សមត្ថកិច្ចដែលគ្រប់គ្រងគោល ដៅនៃគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារត្រូវខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «សមត្ថកិច្ចនៅកន្លែងណុង ត្រូវខិតខំប្រឹងប្រែងដោះស្រាយ ហើយផ្ដល់យុត្តិធម៌ឱ្យអ្នករងគ្រោះ។ អាហ្នឹងច្បាប់មានប្រទេសខ្លះ តែខ្ញុំមិនចាំច្បាប់យើងអស់ទេ ប៉ុន្តែគ្រាន់តែវាពិតជាមានការជាប់គុកក្នុងករណីបែបហ្នឹង»។  

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ កាលពីដើមខែធ្នូ ដែលបណ្តាលឲ្យទារកម្នាក់ស្លាប់ និងមនុស្ស ២នាក់រងរបួសធ្ងន់ រហូតមកដល់ពេលនេះ ជនបង្កមិនទាន់បង្ហាញមុខនៅឡើយ។ ខណៈអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកវិញចង់ឃើញយុត្តិធម៌សម្រាប់ជនរងគ្រោះ។   

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពីទទួលបានសំណុំរឿងខាងលើ តំណាងអយ្យការបានស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ហាឲ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះ នៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការ ដើម្បីស្តាប់ចម្លើយ អំពីអង្គហេតុខាងលើ។ គួរបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T និងម៉ូតូមួយគ្រឿង បានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២  នៅលើស្ពាន ជ្រោយចង្វារចាស់ ដែលបណ្តាលឲ្យអ្នកជិះម៉ូតូ ៣នាក់រងរបួសធ្ងន់ក្នុងនោះមានទារកម្នាក់។ ម្ចាស់រថយន្តខាងលើឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បានបើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្ន ដែលបណ្តាលឲ្យបុកម៉ូតូខាងលើ។ ចំណែកទារករងគ្រោះ ដែលមានអាយុ៦០ថ្ងៃ បានទទួលមរណៈភាព នារយៈពេល ៦ថ្ងៃក្រោយមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ