សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់កងទ័ពត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា នូវរាល់និន្នាការបង្កអស្ថិរភាពសង្គម
ភ្នំពេញ ៖ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់កងទ័ព ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានលើកទឹកចិត្តខ្ពស់ដល់ការចូលរួម ចំណែករបស់លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិនានា ដើម្បីរួមចំណែកដោះស្រាយត្រូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនកង-កម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឱ្យបាននូវសុខុមាលភាព កម្លាំងពលំមាំមួន ស្មារតីភ្លឺថ្លាប្រកបដោយថាមពល សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូន ប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិ-សាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០»។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកង-យោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិ៕EB