ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានឲ្យដឹងថា ថ្មីៗនេះ មេអណ្ដើកហ្លួងចិញ្ចឹមចំនួន៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ចំនួន៧១ពង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ WCS នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ លោក សោម ស៊ីថា ប្រធានគ ម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការ WCS បានថ្លែងថា «នេះជាលើកទីមួយហើយដែលអណ្ដើកហ្លួង ចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែលមេអណ្ដើកហ្លួងទាំងនេះ ត្រូវបានយកមកចិញ្ចឹមថែទាំតាំង ពីឆ្នាំ ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់ សម្បុកសប្បនិមិត្តដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ ទុកវាឲ្យញាស់ក្នុងសភាពដើម»។


ដោយឡែក លោក ស្ទីវិន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិងថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា «នេះគឺជារឿងដ៏រំភើបនិងដ៏សំខាន់មួយដែលមិនគួរឲ្យជឿថា ប្រភេទសត្វអណ្តើកក៏កម្របែបនេះអាច ពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួងដែលយើងយកមក ចិញ្ចឹមគឺជាគោលដៅអភិរក្សមួយសម្រាប់ស្តារ ប្រភេទអណ្ដើកហ្លួងដែលជិតផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។ យើងរំពឹងថាគម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទអ ណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ»។


 

សូមរំលឹកថា បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្ដើកហ្លួងចំនួន ១៩២ក្បាល ។ អណ្ដើកហ្លួងជំទង់ចំនួន ៩៦ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥មក ហើយក្រុមការងារគ្រោងនឹងលែង ៥០ក្បាលទៀត នៅចុងឆ្នាំ ២០២១ខាងមុខនេះ។ អណ្តើកស្ទើរជំទង់ និងជំទង់ នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្ក កំណើតចំនួន ៤។ ចំណែកឯ អណ្ដើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្ក កំណើត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ