ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសុំ ព្រះមហាក្សត្រ តែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្រោយបញ្ចប់ពីមុខដកតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងទៅនេះ។

សម្ដេចតេជោ ប្រកាសបែបនេះ នាឱកាសអញ្ជើញពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

សូមរំលឹកថា តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបានព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ហេតុផលចម្បង នៃការបញ្ចប់តំណែងនេះ មិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែភ្លាមៗ បន្ទាប់ពីមានការបញ្ចប់តំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម ខណៈដែល លោក វេង សាខុន អវត្តមាននៅក្នុងប្រទេស ដោយទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ