សម្ដេចតេជោ ហ៊ុន សែន បញ្ជាក្រសួងកសិកម្ម និងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាដាច់ខាត ត្រូវចុះឲ្យជាប់ជាមួយពលរដ្ឋ
ភ្នំពញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាដាច់ខាត តែត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកបណ្ដាលមកពីទឹកជំនន់ ប៉ះពាល់ដល់ដំណាំស្រូវរបស់ពួកគាត់។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដី ត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបបញ្ហាលំបាកបណ្ដាលមកពីទឹកជំនន់ ដែលបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវរ បស់ពួកគាត់ ដោយត្រូវយកចិត្តទុកដាក់អន្តរាគមន៍បន្ទាន់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយសូមផ្ដាំទៅ មន្ត្រីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឲ្យត្រូវ ហើយនៅកៀកកិតជាមួយគាត់ ជួនកាលពូជដាក់ទៅវាមិនដុះ ព្រោះជួនកាលវាអាចពូជខ្លះ វាមានទិញមុន ទិញក្រោយ វាមិនដុះ បើវាមិនដុះត្រូវដោះស្រាយយ៉ាងម៉េចទៀត»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ ទាមទារឲ្យមន្ត្រីក្រសួងកសិកម្ម យកចិត្តទុកដាក់អន្តរាគមន៍បន្ទាន់ ដោយមិនត្រូវរង់ចាំនេះ រង់ចាំនោះ ឡើយ៕EB