ភ្នំពេញ៖ យោងតាមសារសម្តេចតេជោ ហ៊ុន សែន តាមតេឡេក្រាម នៅយប់ថ្ងៃទី០៩ ខែសីហានេះ សម្តេចតេជោបានប្រកាសដល់វិទ្យុអាស៊ីសេរី និងវិទ្យុបរទេសនិយាយភាសាខ្មែរដទៃទៀតថា គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នាដណ្តើមអំណាច ដូចដែលប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមប្រឆាំងតែងចោទប្រកាន់នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំស្តាប់តាមការញុះញង់ និងការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនទៀត ដែលថា សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មិនបានប្រកាសគាំទ្រឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធាន នឹងក្លាយទៅជាប្រធានរដ្ឋសភានៅក្នុងអាណត្តិទី៧នេះ ខណៈការលើកលោកស្រី  ឲ្យក្លាយជាប្រធានរដ្ឋសភានេះ គឺដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់វិទ្យុបរទេសនិយាយភាសាខ្មែរ មិនបាច់ចាំមកញុះញង់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានោះទេ។

សម្តេចតេជោ បញ្ជាក់ថា “អស់លោកបើកភ្នែកឲ្យធំៗ អស់លោកនឹងបានឃើញសមាសភាពគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែគណៈរដ្ឋមន្ត្រីថ្មីនោះមិនទាន់ទទួលការអនុម័តពីសភាប៉ុណ្ណោះ”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ