ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសអ៊ុយក្រែន ចាប់ផ្ដើមវាយបកទៅលើប្រទេសរុស្ស៊ីវិញហើយ តែសម្ដេចគ្មានជំនឿថា អ៊ុយក្រែន អាចវាយយកទឹកដីដែលរុស្ស៊ីយកបាននោះទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឥឡូវនេះនិយាយបន្តិចទៅចុះ អ៊ុយក្រែនចាប់ផ្ដើមវាយបកទៅលើរុស្ស៊ី ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយ និយាយតាមមួយបែបទៅ គ្មានជំនឿណាមួយថា អ៊ុយក្រែនអាចវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងត្រឹមប៉ុណ្ណឹងទេ»។

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមវីដេអូជាមួយលោក ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសាកសួរលោក ហ្សេលិនស្គីថា តើមានគម្រោងវាយយកទឹកដីរបស់ខ្លួនមកវិញទេ? លោកប្រធានាធិបតីអ៊ុយក្រែន ឆ្លើយតបថា ពិតជាមានគម្រោង។

សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងបែបនេះថា «ថ្ងៃមុនពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមរយៈវីដេអូ ក៏បានចោទសួរទៅគាត់ថា តើឯកឧត្ដម មានគម្រោង មានការផ្សាយព័ត៌មានថាតើឯកឧត្ដម មានគម្រោងថា នឹងវាយយកទឹកដីត្រឡប់មកវិញទេ? ថា ពិតជាមាន»។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន មិនបានលើកទឹកចិត្តឲ្យមានការវាយប្រហារទៅវិញទេ ដោយគ្រាន់តែនិយាយទៅកាន់លោក ហ្សេលិនស្គីថា គួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ