ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តរកឃើញគ្រឹះស្ថានសិក្សាឯកជន និងទីតាំងអង្គភាពផ្សេងទៀត ដែលសរុបត្រឹមយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ កើនដល់ចំនួន១២ ដែលជាប់ពាក់ព័ន្ធអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា។ 

នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា គិតត្រឹមយប់ថ្ងៃទី០៩ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមាន៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងគ្រឹះស្ថានសិក្សាឯកជនចំនួន០៩។

លោកបន្តថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

លោកបន្តថា ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ