ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ម៉ៅ មុន្នី ប្រធានសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា និងសហការី ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាការងារមួយចំនួន ព្រមទាំងប្រគល់ជូននូវសម្ភារមួយចំនួន ជាគ្រឿងបរិភោគ ឧបភោគ ដល់នាយកដ្ឋានព័ត៌មានវិទ្សា សម្រាប់បម្រើដល់ការងារមនុស្សធម៌។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក ហោ សំអាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា ដែលបានផ្ដល់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគ ជូនក្រសួមហាផ្ទៃ ជាពិសេសនាយកដ្ឋានព័ត៌មានវិទ្យា សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា កាយវិការដ៏ឧត្តុងឧត្តមនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ នៃការចែករំលែក និងកិច្ចសហការវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។

លោកឧត្តមសេនីយ៍ឯក បានបន្ដថា ការផ្ដល់ជូនគ្រឿងឧបភោគ-បរិភោគ និងសម្ភារ របស់សមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា នាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីស្មារតីរួមចំណែក ដើម្បីជួយការងារដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្ដ្រីមេម៉ាយ កូនច្រើន ក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ស្ដ្រីឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗនៅមូលដ្ឋាន។

ជាការឆ្លើយតប លោក ម៉ៅ មុន្នី ប្រធានសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ឯក ហោ សំអាត ដែលបានអនុញ្ញាតឱ្យសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្តល់អំណោយមនុស្សធម៌។

លោក បានបន្ថែមថា ការផ្ដល់ជូនសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគ ជូននាយកដ្ឋានព័ត៌មានវិទ្យា នាពេលនេះ គឺផ្ដល់ជូនដោយទឹកចិត្តស្មោះសរ និងសេចក្ដីរីករាយ។ លោក ក៏បានបញ្ជាក់ថា លោក មានសេចក្តីរីករាយក្នុងការសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា ជាប់ជានិច្ច ដើម្បីបម្រើសង្គមជាតិទាំងមូល។

សូមជម្រាបជូនថា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលសមាគមមនុស្សធម៌ និងទ្រទ្រង់សាសនា ផ្ដល់ជូននាយកដ្ឋានព័ត៌មានវិទ្យា នាពេលនេះ រួមមាន ៖ ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, មី ៥០កេស, ប៊ីចេង ១០០គីឡូ, ស្ករស ១០០គីឡូ, អំបិល ១០០គីឡូ, ត្រីខកំប៉ុង ០២កេសធំ, អាកុល ០៥ប៊ីដុង និងម៉ាស់ ០៥កេសធំ សម្រាប់យកមកប្រគល់ជូនក្រុងមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំកន្សោមអក ប្រើប្រាស់សម្រាប់ដល់ការងារមនុស្សធម៌ ក៏ដូចជា ការងារសង្គមផ្សេងៗនៅមូលដ្ឋាន ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ