ភ្នំពេញ ៖ នាពេលថ្មីៗនេះ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានរៀបយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយ ឧស្សាហករថ្នាំជក់ដល់និស្សិតនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។

គួរបញ្ជាក់ថា នាពេលកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ របស់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង សាធារណៈនិងឯកជន ជាមួយ ឧស្សាហករថ្នាំជក់។

សេចក្តីណែនាំនេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរ។ មាត្រា៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និងឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សារបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កអោយញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។

ក្រសួង ដាក់ចេញសេចក្តីណែនាំនេះ ដោយសង្កេតឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំងភ្លាត់ ឬយល់ច្រឡំក្នុងការកៀរគរការគាំទ្រពីឧស្សាហករថ្នាំជក់ ដែលបណ្តាលឲ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មតាំងនៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សាខ្លួន។ ការឧបត្ថម្ភរបស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ។

លើសពីនេះ សេចក្តីណែនាំនេះ គឺជាការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តវិធានការហាមឃាត់ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ឧបត្ថម្ភកម្មវិធីនានាដើម្បី៖ បង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេច   បង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ ក៏បានប្រើប្រាស់ការឧបត្ថម្ភដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយការពារសុខភាពប្រកបដោយប្រសិទ្ធភាព។

ក្រុមមេធាវី អេស ខេ & ភីកម្ពុជា (SK&P Cambodia Law Group) បានឲ្យតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងខាងលើរបស់ ក្រសួងថា «សេចក្តីណែនាំនេះមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ដែលជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំឲ្យមានការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ទៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកំពស់សុខភាពប្រជាពលរដ្ឋកម្ពុជា»។ 

សូមរំលឹកថា ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ១៥០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ៦៤៩លានដុល្លារសហរដ្ឋ ត្រូវបានខាតបង់ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ