ក្រចេះ៖ ក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវ អះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ ២០២២នេះ។

របាយការណ៍របស់អង្គការជាដៃគូរអភិរក្ស បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅ យ៉ាងហោច មាន កូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ ២០២២ គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តី ជំនាញ ប្រទះឃើញ នៅព្រឹកថ្ងៃទី៧ ខែមិនានេះ ខណៈកូនផ្សោតតូចមួយនេះ កំពុងតែហែល លេង ក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង ៨ក្បាល  នៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក ម៉ុក ពន្លក បានឲ្យដឹងថា តាមការធ្វើជំរឿនសព្វថ្ងៃ សត្វផ្សោតញីឈ្មោលមានចំនួនជិត ៩០ក្បាល កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។

លោកថា សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមាន អន្លង់ខ្សាច់ម្កាក់ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ អន្លង់កោហដំបង  និងអងន្លង់កាំពី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ