សម្ដេច ស ខេង ៖ អភិបាលរាជធានី-ខេត្ត មួយចំនួនស្ងាត់ដូចចោលលួចសេះ មិនខ្ចីរាយការណ៍មកក្រសួងវិញ ពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អភិបាលរាជធានី-ខេត្ត មួយចំនួនស្ថាត់ដូចចោលលួចសេះ ហើយមិនខ្ចីរាយការណ៍មកក្រសួងមហាផ្ទៃវិញ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។
សម្ដេច ស ខេង លើកឡើងបែបនេះក្រោយពីក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ រួចហើយ ក្រសួង ធ្វើលិខិតទៅបណ្ដាខេត្តសាមី ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានស្នើអភិបាលរាជធានី-ខេត្ត បន្ដយកចិត្តទុកដាក់ពាក្យបណ្ដឹង សំណើរ សំណូមពរ និងការទាមទារនានារបស់ប្រជាពលរដ្ឋ។
សម្ដេច បន្ដថា ក្រសួងមហាផ្ទៃ នាឆ្នាំ២០២២កន្លងទៅ ទទួលបានសំណើរ សំណូមពរ សូមអន្ដរាគមន៍ នូវពាក្យបណ្ដឹងនានារបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងដីធ្លីមានរហូតដល់ ១៤៥ករណី ក្នុងរាជធានី-ខេត្ត។
សម្ដេច ស ខេង មានប្រសាសន៍ថា «ហើយក្រសួងមហាផ្ទៃ បានធ្វើលិខិតបញ្ជូនទៅរាជធានី-ខេត្ត ប៉ុន្ដែមកដល់ពេលបានតែប្រាំរាជធានី-ខេត្ត ប៉ុណ្ណោះ ដែលបានឆ្លើយតបមកវិញ ឬក៏ផ្ដល់របាយការណ៍ មាន ៦ករណី ខេត្តមណ្ឌលគិរី មួយករណី, ខេត្តព្រះសីហនុ ពីរករណី, កោះកុង មួយករណី, សៀមរាប មួយករណី និងស្វាយវៀង មួយករណី។ ប៉ុន្ដែក្រៅពីហ្នឹងស្ងាតដូចចោលលួចសេះ មិនខ្ចីរាយការណ៍ មិនព្រមធ្វើ មិនព្រមរាយការណ៍ វាម៉េច? ឥឡូវសូមពិនិត្យឱ្យខ្ញុំ គ្រប់ខេត្ត ដែលមិនទាន់ដោះស្រាយ ម៉េចមិនបានយកចិត្តទុកដាក់ដោះស្រាយ?»។
លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានយល់បញ្ហាទាំងនេះ គឺមិនស្រួលឡើយ ប៉ុន្ដែលំបាកយ៉ាងណាក៏ដោយ គឺបញ្ជូនរបាយការណ៍មកក្រសួងវិញ ហើយបញ្ជាក់មូលហេតុឱ្យបានត្រឹមត្រូវ។ សម្ដេច ថា តើឧបសគ្គរឿងអ្វី?។ សម្ដេច ក៏ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្ដេច លើកឡើងថា ដោយឡែក ក្នុងឆ្នាំ២០២២ គេហទំព័រហ្វេសប៊ុករបស់ សម្ដេច ក៏បានទទួលមតិយោបល់ និងសំណូមពរ នានាពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួនជាង ១.៧០០ករណី ក្នុងនោះ មានករណីដែលត្រូវដោះស្រាយចំនួនជាង ១.៤០០ករណី បានដោះស្រាយឆ្លើយតបរួចចំនួនជាង ៨០០ករណី និងមានករណីជាង ៣០០ទៀត ជាអនុសាសន៍ និងព័ត៌មានល្អៗ សម្រាប់អនុវត្តការងារ៕