កម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងប្រមាណ ១៥.៥លានដុល្លារ សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និងលោក Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន១៦លានអឺរ៉ូ ត្រូវជាប្រមាណ១៥.៥លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១៧ តុលា បានឱ្យដឹងថា គម្រោង H-EQIP III នេះ មានគោលបំណងចម្បងចំនួន ៣ មានជាអាទិ៍៖ ១. រួមចំណែកដល់ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និង គុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និង ជនងាយរងគ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និង ការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខភាព (Health Equity Fund); ២. អន្តរាគមន៍យ៉ាងឆាប់រហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និង សមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ; ៣. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ការកែលម្អសមភាពយេនឌ័រ និង បរិយាប័នសង្គម ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអាល្លឺម៉ង់ ដែលបានអនុម័តគម្រោងនេះ និងបានវាយតម្លៃថា គម្រោង H-EQIP III នេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺ បានលើកកម្ពស់គុណភាព, ប្រសិទ្ធភាព, និង សមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស, កំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ប្រកបដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការមួយចំនួន មានដូចជា៖ ១៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០; ២៖ ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និង៣៖ ផែនការគ្របដណ្តប់សុខភាពជាសកល ជាដើម៕EB