នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាល ត្រូវក្រោកឈរ សួរនាំអ្នកធ្វើដំណើរដោយប្រើពាក្យសម្ដី សមរម្យ
ភ្នំពេញ ៖ ក្រោយពីមានកម្លាំងនគរបាលមួយចំនួនប្រើប្រាស់អាកប្បកិរិយាមិនសមរម្យនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់កម្លាំងនគរបាលជាតិទាំងអស់ ត្រូវក្រោកឈរ សួរនាំអ្នកធ្វើដំណើរដោយប្រើពាក្យសម្ដីឲ្យសមរម្យ ពេលពួកគាត់ឆ្លងកាត់កន្លែងតំបន់បិទខ្ទប់ ជាពិសេសនោះ កម្លាំងនគរបាល ត្រូវមានឥរិយាបទត្រឹមត្រូវផងដែរ។
តាមរយៈសារសំឡេង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ នេត សាវឿន បានណែនាំដល់កម្លាំង នគរបាលជាតិទាំងអស់ ត្រូវមានឥរិយាបថឲ្យសមរម្យ ទើបប្រជាពលរដ្ឋគោរព និងស្រលាញ់។
នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់គោលដៅមិញប្រជាពលរដ្ឋសំណូមពរ កម្លាំងបងប្អូនយើង នៅតាមប៉ារ៉ាសទាំងអស់ ពេលជួបនិយាយស្ដីមួយគេហ្នឹងអត់ក្រោកឈរ អង្គួយកៅអី ហើយរុញពីមួយ ទៅមួយ។ អ្នកដែលនិយាយជាមួយប្រជាពលរដ្ឋ អ្នកនិយាយជាមួយអ្នកធ្វើដំណើរ ត្រូវក្រោកឈរ ហើយមានឥរិយាបថច្បាស់លាស់ កែសម្រួលកន្លែងនឹងភ្លាមៗ ហើយកុំរុញគ្នា ទៅវិញ ទៅមក ហើយអ្នកក្រោកឈរ សុំពិនិត្យសម្រេចឲ្យទៅ ឬមិនឲ្យទៅ»៕