ភ្នំពេញ ៖ ក្រោយពីលោក ហូ វ៉ាន់ អតីតមន្ដ្រីគណបក្សប្រឆាំងរត់គេចខ្លួនទៅក្រៅប្រទេស មានគ្រោងធ្វើ បាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំ ផ្ញើលោក ហូ វ៉ាន់ ឲ្យត្រូវប្រយ័ត្នខ្លួនព្រោះ ប្រពន្ធ-កូនរបស់លោក កំពុងរស់នៅស្រុកខ្មែរ។

ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទី ក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំផ្ដាំទៅអាវ៉ាន់តិច (លោក ហូ វ៉ាន់) អាវ៉ាន់ អើយ ល្មមខ្លួនបានហើយ ឈប់បានឈប់ទៅ អាវ៉ាន់ កូន-ប្រពន្ធ ហ្អែងនៅភ្នំពេញនេះទេ។ ហ្អែងកុំជ្រួលពេក សម្ដីហ្អែងបញ្ជា នៅក្នុងទូរស័ព្ទទាំងអស់ រឿងអី? ហ្អែងបញ្ជាមកធ្វើបាតុកម្មប្រឆាំងទូតចិន ប្រឆាំងវត្តចិន ពួកហ្អែងឆ្គួត ប្រយ័ត្នប្រពន្ធហ្អែង កូនហ្អែង ដេកអត់សុខទេ? កំពុង់តែភ័យ ហ្អែងឈប់បាន ឈប់ទៅ»។

សម្ដេចតេជោ បន្ដថា លោក ហូ វ៉ាន ចំណាស់ប៉ុណ្ណឹងហើយ ទោះបីដណ្តើមអំណាចបាន ក៏គេមិនឲ្យធ្វើ នាយករដ្ឋមន្ដ្រីឡើយ។សម្ដេចថា លោក ហូ វ៉ាន់ ជាមេក្លោងនៃអំពើក្បត់ ដូច្នេះត្រូវចាត់ការអ្នកនៅក្នុង ស្រុក ព្រោះអ្នកស្រុក ទទួលថវិកា អ្នកនៅក្រៅប្រទេស ដែលចូលរួមអំពើក្បត់ជាតិ។ ហើយអាជ្ញាធរ ឬតុលាកា មានវិធានចំពោះ អ្នកចូលរួមអំពើក្បត់ជាតិ ជារឿងត្រឹមត្រូវ។ព្រោះថា «មេចោលរត់គេចខ្លួន ដល់បញ្ជាឲ្យកូនចោលធ្វើសកម្មភាព មិនកូនចោលជាប់គុក ដូច្នេះកុំរុញគេជាប់គុក» នេះជាសម្ដី របស់ សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅ អតីតមន្ដ្រីគណបក្សប្រឆាំងម្នាក់ទៀត ដែលរត់គេចខ្លួន ទៅនៅក្រៅប្រទេស ហើយមានប្រពន្ធដូរលុយ នៅរាជធានីភ្នំពេញ ថា ត្រូវប្រយ័ត្នខ្លួន។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយនោះ មានប្រពន្ធដូរលុយនៅផ្សារ ក៏ត្រូវប្រយ័ត្នហ្អែង ប្រពន្ធ-កូន ហ្អែងនៅភ្នំពេញឡើយ។និយាយថាចឹង យកពួកនេះយកធ្វើចំណាប់ខ្មាំង គំរាមក្រុមគ្រួសារ គេអត់ទេ។ ប្រពន្ធ-កូន ហ្អែងនៅនេះបានសេចក្ដីសុខតើ ម៉េចរឿងអី មានរឿងស្អីបានហ្អែងដើរធ្វើបាតុកម្ម នៅភ្នំពេញផង បាតុកម្ម នៅតាមប្រទេសផង ប្រឆាំងវត្តមានកងទព័ចិននៅកម្ពុជា តើចិនមាន កងទ័ពនៅកម្ពុជាទេ? កម្ពុជាឲ្យសិទ្ធិចិនបោះទ័ពនៅកម្ពុជាពីកាលណា?»។

សម្ដេចតេជោ បញ្ជាក់សារជាថ្មីថា ពួកក្រុមប្រឆាំងនៅក្រៅប្រទេស ពួកអ្នកឯងមានភ្ដុសតាំងនៅឯណា? បញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្ដាច់មុខ នៅកំពង់ផែរាម រយៈពេល៣០ឆ្នាំ បញ្ចេញមក។សម្ដេចថា បើពួកអ្នកឯងមិនបញ្ចេញភ្ដុសតាំងមកទេ មានន័យថា ពួកអ្នកឯងភូតកហុក ប្រជាពលរដ្ឋខ្មែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ