ភ្នំពេញ ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ ដែលបច្ចុប្បន្ននេះ សាងសង់បាន៩៦%។
តាមរយៈបណ្ដាញទំនាក់ទំទងសង្គមហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្នុងពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេច បាន៩៦% ហើយគ្រោងនេះ នឹងដាក់ឲ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ»។
ស្ថានទូតចិន ក៏បានបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានទី៨ ដែលជាគម្រោងជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា។
សូមរំលឹកថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ចំនួន៥៦,៩៩៨ លានដុល្លារ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។
ជាងនេះទៅទៀត ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឲ្យបានងាយស្រួល និងឆាប់រហ័ស៕EB