គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន២ទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ហើយមានទុនវិនិយោគ ជិត៦លានដុល្លារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន២ ដែលមានទុនវិនិយោគជិត៦លានដុល្លារ និងអាចបង្កើតការងារជូន ប្រជាពលរដ្ឋខ្មែរជាង១ពាន់កន្លែង។
យោងតាមគេទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១. SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។
២. HARMONY APPAREL CO., LTD. គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង៕EB